(ភ្នំពេញ)៖ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក បានចុះបញ្ជីបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង(IPO)លើផ្សារមូលបត្រកម្ពុជា (CSX)ជាផ្លូវការ ដែលជាក្រុមហ៊ុនចុះបញ្ជីថ្មីដំបូងគេក្នុងឆ្នាំ២០២៥។
ការចុះបញ្ជីបោះផ្សាយមូលបត្រជាផ្លូវការនេះ ធ្វើឱ្យក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ក្លាយជាក្រុមហ៊ុនទី១២ ដែលចុះបោះផ្សាយលក់មូលបត្រកម្មសិទ្ធិក្នុងឆ្នាំ២០២៥នេះ។
ពិធីចុះបញ្ជីជាផ្លូវការនេះ បានរៀបចំក្រោមឡើងក្រោមវត្តមាន បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ,លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមវិនិយោគចិននៅកម្ពុជា, ឧកញ៉ា ហេង ឧត្តម អភិបាលនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី និងលោក តឹង ចិន យៀក ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក។

ក្នុងសុន្ទរកថាស្វាគមន៍របស់លោក តឹង ចិនយៀក ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក បានថ្លែងអំណរគុណដល់ភ្ញៀវទាំងអស់ និងរំលឹកអំពីដំណើរការរបស់ក្រុមហ៊ុនដែលបានខិតខំរហូតឈានដល់ការចុះបញ្ជីជាសាធារណៈនាថ្ងៃនេះ។ លោកបានចែករំលែកថា ក្នុងការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO)របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ក្នុងឆ្នាំ ២០២៥នេះ បានឆ្លងកាត់ការគ្រប់គ្រងប្រកបដោយវិន័យ និងការរៀបចំយ៉ាងម៉ត់ចត់ជាច្រើនឆ្នាំ មុនពេលចូលទៅកាន់ទីផ្សារមូលបត្រកម្ពុជា។
លោកក៏បានថ្លែងអំណរគុណដល់វិនិយោគិនសម្រាប់ការជឿទុកចិត្ត ដែលមានន័យសំខាន់ជាពិសេសក្នុងបរិបទសេដ្ឋកិច្ចពិភពលោកសព្វថ្ងៃ។
លោកបន្ថែមថា«យើងនឹងបន្តពង្រឹងការគ្រប់គ្រង និងប្រតិបត្តិការដោយមានស្ថិរភាពកាន់តែខ្ពស់ ហើយគោលបំណងរបស់យើងគឺក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្អបំផុតនៅក្នុងទីផ្សារប្រទេសកម្ពុជា»។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានអបអរសាទរដល់ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ដែលបានក្លាយជាក្រុមហ៊ុនដំបូងដែលបានចុះបញ្ជីក្នុងឆ្នាំ ២០២៥។ ឯកឧត្តមបានបញ្ជាក់ថា ការចុះបញ្ជីរបស់ក្រុមហ៊ុននេះ បានក្លាយជាចលករថ្មីមួយសម្រាប់ផ្សារមូលបត្រកម្ពុជា។
ឯកឧត្តម បានទទួលស្គាល់ពីភាពខិតខំរបស់ក្រុមហ៊ុនក្នុងការបំពេញតាមលក្ខខណ្ឌរបស់ផ្សារមូលបត្រកម្ពុជា និងបានស្វាគមន៍ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ជាក្រុមហ៊ុនទី ១២។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានប្រសាសន៍ថា ការចុះបញ្ជីរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក បានបំពេញតាមស្តង់ដារ ដែលបង្ហាញពីការរីកចម្រើននៃការគ្រប់គ្រងទីផ្សារមូលបត្រកម្ពុជាកាន់តែប្រសើរឡើង។
ឯកឧត្តម បន្ថែមថា«ក្នុងនាមជាក្រុមហ៊ុនដំបូងដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅឆ្នាំ ២០២៥ បានឆ្លងកាត់ការត្រួតពិនិត្យខ្ពស់តាមបទបញ្ជា ដែលធ្វើឱ្យក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក បានក្លាយជាគំរូល្អសម្រាប់ក្រុមហ៊ុនដែលមានបំណងចង់ចូលរួមចុះបញ្ជីនៅពេលខាងមុខ»។
ឯកឧត្តម បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជី បន្តរក្សាស្តង់ដារក្នុងការអនុលោមតាម តម្លាភាព និងការការពារវិនិយោគិនឱ្យបានកាន់តែខ្ពស់។

ថ្លែងនាឱកាសបើកព្រឹត្តិការណ៍នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការចុះបញ្ជីរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ក្នុងឆ្នាំ ២០២៥ នេះ ដែលឆ្លុះបញ្ចាំងនូវការជឿទុកចិត្តលើទីផ្សារមូលបត្រកម្ពុជា ស្របពេលទីផ្សារកំពុងស្ដារឡើងវិញ និងកំពុងមានកំណើនគួរឱ្យកត់សម្គាល់។

ម៉ោង ៩:០០ ព្រឹក គឺជាពេលវេលានៃការបើកទីផ្សារ ក្នុងខណៈនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និងលោក តឹង ចិនយៀក បានរួមគ្នាគោះជួង ដែលជាសញ្ញាចាប់ផ្តើមនៃការជួញដូរភាគហ៊ុនរបស់ PCG។ ពេលវេលានេះគឺតំណាងឱ្យជំពូកថ្មីមួយនៃការរីកចម្រើនសម្រាប់ក្រុមហ៊ុន និងជាគន្លងប្រវត្តិសាស្ត្រមួយសម្រាប់ទីផ្សារមូលបត្រត្រកម្ពុជា ក្នុងឆ្នាំ ២០២៥។

លក្ខណៈសំខាន់មួយនៃ IPO របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក គឺគោលនយោបាយផ្តល់ប្រាក់ចំណេញសម្រាប់វិនិយោគិន។ តម្លៃដែលបានបោះផ្សាយដំបូងនេះ មានតម្លៃ4,800 រៀល (ប្រមាណ USD 1.20)។
ដើម្បីកសាងការជឿទុកចិត្តពីវិនិយោគិន ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក បានប្តេជ្ញាថា នឹងផ្តល់ ប្រាក់ចំណេញប្រមាណ៧% ប្រចាំឆ្នាំសម្រាប់រយៈពេលប្រាំឆ្នាំដំបូងបន្ទាប់ពីការចុះបញ្ជី។ វិធីសាស្រ្តនេះមានគោលបំណងផ្តល់នូវប្រាក់ចំណែញដែលមានស្ថិរភាព និងអាចព្យាករណ៍បានក្នុងបរិយាកាសទីផ្សារដែលមានការផ្លាស់ប្តូរ។ ការណ៍នេះ បង្ហាញពីការប្តេជ្ញារបស់ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ក្នុងការចែករំលែកការរីកចម្រើនរបស់ខ្លួនជាមួយអ្នកចូលរួមភាគហ៊ុន។

អ្នកវិភាគទីផ្សារ បានកត់សម្គាល់ថា ការចុះបញ្ជីរបស់ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក នៅពេលវេលាដ៏សំខាន់នេះ នឹងជំរុញការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។ ការចុះបញ្ជីរបស់ PCG ផ្តល់ឱកាសវិនិយោគដោយផ្ទាល់ដល់វិនិយោគិន ជាពិសេសអ្នកដែលមានចំណាប់អារម្មណ៍លើការអភិវឌ្ឍទីក្រុង និងវិស័យអចលនទ្រព្យនៅកម្ពុជា។ វាក៏បង្ហាញពីការជឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិចំពោះទស្សនៈសេដ្ឋកិច្ចមធ្យម និងវែងរបស់កម្ពុជា។
នៅពេលដែលក្រុមហ៊ុនដែលមានការរៀបចំល្អចូលរួមក្នុងទីផ្សារជាច្រើន ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាក៏មានទំនងនឹងរីកចម្រើនបន្ថែមនិងនាំឱកាសថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
ព្រឹត្តិការណ៍បានបញ្ចប់ក្នុងស្ថានភាពសប្បាយរីករាយ និងអបអរសាទរ។ ជាមួយនឹងសំឡេងលើកសញ្ញាបើកទីផ្សារ PCG បានក្លាយជាផ្នែកមួយផ្លូវការនៃទីផ្សារមូលបត្រកម្ពុជា។
ក្រុមហ៊ុន Cambodia Securities Plc. គឺជាក្រុមហ៊ុនឈ្មួញជើងសារ និងជាអ្នកលក់ទិញសម្រាប់ IPO នេះ។ វិនិយោគិនអាចបន្តទទួលព័ត៌មានបន្ថែមតាមរយៈបណ្ដាញផ្លូវការរបស់ក្រុមហ៊ុន។

